ដុតកំទេចចោលសត្វជ្រូករស់ ដែលឈ្មួញដឹកតាមច្រករបៀងចំនួន៣០ក្បាល ក្រោយពីមន្ទីរពិសោធន៍ ពិនិត្យឃើញថា មានជម្ងឺប៉េស្តអាហ្វ្រិច
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមន្ទីរពិសោធន៍ពិនិត្យឃើញថា មានជម្ងឺប៉េស្តអាហ្វ្រិចទៅលើសត្វជ្រូករស់របស់ថៃ ដែលឈ្មួញលួចដឹកតាមច្រករបៀងចំនួន៣០ក្បាលនោះ ត្រូវបានមន្ត្រីជំនាញយកទៅដុកកំទេចចោលអស់ហើយ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុច ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វ លោកហ៊ុយទូច ប្រធានការិយាល័យបសុពេទ្យ លោកតេងសាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
គួររម្លឹកផងដែរថា កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាល ស្រុកស្វាយចេក និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានចុះឆ្មក់ស្ទាក់ចាប់បទល្មើសផលិតកម្មសត្វបាន២ករណី ដោយករណីទី១ បង្ក្រាបបានរថយន្តម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥ កៅអី ពាក់ស្លាកលេខភ្នំពេញ2Q-2123 ដឹកសត្វជ្រូករស់ចំនួន២០ក្បាល។រថយន្តខាងលើនេះ បាននាំចូលសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រករបៀងអូរបីជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ការនាំចូលសត្វជ្រូកនិងការដឹកជញ្ជូននោះ គ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។
ចំណែកករណីទី២ កាលពីម៉ោង៧និង៣២នាទី ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់គោយន្ត១គ្រឿងដឹកសត្វជ្រូករស់ចំនួន១០ក្បាលគោយន្ត ខាងលើបាននាំចូលសត្វជ្រូករស់មកពីប្រទេសថៃ តាមច្រករបៀងចំការគក្នុងភូមិចម្ការគ ឃុំចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
បទល្មើសទាំង២ករណីខាងលើនេះ សមត្ថកិច្ចយកទៅ រក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
បន្ទាប់ពីមន្ត្រីជំនាញយកសំណាកឈាមជ្រូកទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្ម នៃអគ្គនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វ លទ្ធផលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ឃើញថា វិជ្ជមានប៉េស្តជ្រូកអាហ្វ្រិច ។
ករណីនេះ អគ្គនាយកដ្ឋាន សូមជម្រាបជូនដល់សាធារណជន អ្នកចិញ្ចឹមសត្វពិសេសអ្នកចិញ្ចឹមជ្រូកនិងអ្នកពិឃាតសត្វនូវវិធានការបន្ទាន់ដូចខាងក្រោម៖
១-អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នឹងចុះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីកម្ទេចវត្ថុតាងបទល្មើសជាក់ស្តែងទៅតាមវិធានបសុព្យបាល។
២-ការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានី ខេត្តត្រូវពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសចលនាសត្វខុសច្បាប់អោយមានប្រសិទ្ធខ្ពស់។
៣-កសិករ ពាណិជ្ជករ ជាអ្នចិញ្ចឹមជ្រូក ត្រូវមានវិធានការជីវសុវត្ថិភាពកន្លែងចិញ្ចឹមសត្វជាប្រចាំ ដើម្បីជៀសវាងការចម្លងជម្ងឺប៉េស្តជ្រូកអាហ្វ្រិចនិងជម្ងឺផ្សេងទៀត ។
៤-គ្រប់សត្តឃាតដ្ឋានរាជធានី ខេត្តត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចធ្វើជីវសុវត្ថិភាពជាប្រចាំ និងត្រូវទិញជ្រូករស់ពីក្រុមហ៊ុនស្របច្បាប់ ដែលចេញដោយក្រសួងកសិកម្មមកធ្វើពិឃាត ។
៥-អាជីវករ ពណិជ្ជករឬក្រុម ហ៊ុននាំចូលសត្វ រស់ទាំងអស់ ត្រូវគោរពឲ្យ បានខ្ជាប់ខ្ជួន នូវគោល ការ ណ៍ ណែនាំ និងវិធានការអនាម័យសត្វរបស់អគ្គនាយកដ្ឋាននូវគោលការណ៍បច្ចេកទេស១២ចំណុច សម្រាប់អ្នកនាំចូល និងនាំឆ្លងកាត់ ជាពិសេសចំណុចទី១២ ដែលតម្រូវអោយក្រុមហ៊ុនមានទីតាំងធ្វើចត្តាឡីស័ក នៅចុងទីនៃប្រទេសនាំចេញ ដើម្បីងាយស្រួលដល់មន្ត្រីបច្ចេកទេសត្រួតពិនិត្យមុននាំចូលឬនាំឆ្លងកាត់ទៅប្រទេសផ្សេងទៀត ដែលបច្ចុប្បន្នមានតែក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដែលបានបំពេញលក្ខ័ខ័ណ្ឌនេះ។លក្ខខ័ណ្ឌទាំងអស់នេះគឺដើម្បីជៀសវាងនូវការនាំជម្ងឺសត្វឆ្លងដែនមកបំផ្លាញសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសហគមន៍អ្នកចិញ្ចឹមសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៦-ប្រសិនបើសាធារណៈជនបានដឹងឬបានឃើញជាក់ស្តែងនូវការនាំចូលសត្វខុសច្បាប់ សូមជូនដំណឹងមកលោកហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វតាមរយៈទូរស័ព្ទ ០១២ ៨២៨ ២០៩ ៕