ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ
ខេត្តពោធិ៍សាត់៖គណៈកម្មការអាចារ្យវត្តបាក់ចិញ្ចៀន ស្ថិតក្នុងភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ថា ករណីព្រះសង្ឃចំនួន៣អង្គ ពុលឱសថបុរាណកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក មុនពេលកើតហេតុ មានព្រះសង្ឃមួយអង្គ ព្រះនាម សាន់ សារិទ្ធ ព្រះជន្ម៦០ឆ្នាំ គង់នៅវត្តពោធិ៍វិន័យស្រះខាងកើត ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននិមន្តមកបុណ្យផ្កានៅវត្តបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ដោយឃើញលោកគ្រូចៅអធិការវត្តបាក់ចិញ្ចៀន ព្រះនាម អៀម ឃន ព្រះជន្ម ៧៨ឆ្នាំ រូបរាងស្គមស្គាំង ព្រះអង្គ សាន់ សារិទ្ធ ក៏បានឱ្យឱសថបុរាណ ទៅលោកគ្រូចៅអធិការវត្តបាក់ចិញ្ចៀននោះឆាន់។ក្រោយឆាន់រួច ក៏មានព្រះសង្ឃ០២អង្គទៀត ទី១.ព្រះនាម កេត សារឿន ព្រះជន្ម ៧៥ឆ្នាំនិងទី២. ព្រះនាម ប៊ូ ទុំ ព្រះជន្ម៤៧ឆ្នាំ ក៏បានឆាន់ឱសថបុរាណនោះបន្តបន្ទាប់ដែរ។
ក្រោយពីឆាន់ឱសថបុរាណនេះហើយ ក៏មានអាការៈមិនស្រួលខ្លួន រួចបានបញ្ជូនព្រះសង្ឃ ទាំង០៣អង្គ ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់តែម្តង។
ចំណែកព្រះសង្ឃព្រះនាម សាន់ សារិទ្ធ សមត្ថកិច្ចឱ្យគង់នៅវត្តបាក់ចិញ្ចៀនសិន រង់ចាំធ្វើការពិសោធន៍ឱសថបុរាណនោះរួច៕