កូនប្រុសច្បងសម្តេចតេជោ ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញចាក់វ៉ាក់សាំងការពារកូវីដ១៩ លើកដំបូងគេបង្អស់ នៅមន្ទីរពេទ្យកាល់ម៉ែត
រាជធានីភ្នំពេញ៖ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ ចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ក្នុងនោះឯកឧត្តឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានចាក់វ៉ាក់សាំងមុនគេបង្អស់ សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា។
ការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មានចំនួន៤ទីតាំងរួមមាន៖នៅមន្ទីរពេទ្យកាល់ម៉ែត,មន្ទីរពេទ្យព្រះអង្គឌួង,មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនិងមន្ទីរពេទ្យកុមារជាតិ។
បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រៅពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន ឯកឧត្តម ហ៊ុន ម៉ានិត,ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តម ឌី វិជ្ជា, ឯកឧត្តម សុខ ពុទ្ធិវុធ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តី ,ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាដើម។
សម្រាប់ថ្នាក់ដឹកនាំស្ថាប័នចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់អាយុលើសពី៥៩ឆ្នាំ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវេលាម៉ោង២រសៀល ថ្ងៃ ខែដដែរ នៅមន្ទីរពេទ្យកេតុមាលា៕