រាជធានីភ្នំពេញ ៖ កម្លាំងអាជ្ញាធរ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខណ្ឌ សក់ ច័ន្ទកញ្ញារិទ្ធ បានធ្វើការឃាត់ខ្លួនបុរស ២នាក់ ដែលដើរប្រមូលទាលុយពីប្រជាពលរដ្ឋលក់ដូរតាមកញ្រ្ចែង កញ្ជើ ល្អី ជាដើម ដោយបំពានសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានដាក់ចេញក្នុងពេលកន្លងមក ដើម្បីកាត់បន្ថយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ។ បុរសដែលត្រូវនគរបាលឃាត់ខ្លួននោះ រួមមាន៖១-ឈ្មោះ ថៃ ឈឿន អាយុ៤០ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅផ្ទះលេខ១៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ២-ឈ្មោះ ចាន់ ម៉េន អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខ មានទៅលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បាននិយាយថា ជនសង្ស័យទាំង ២នាក់នេះ បានធ្វើសកម្មភាពដើរប្រមូលទាលុយពីប្រជាពលរដ្ឋដែលរកសុីលក់ដូរ បន្លែ និងរបស់របរតាមកញ្រ្ចែង កញ្ជើ ល្អី ជាច្រើនកន្លែង ស្ថិតនៅខាងក្រោយសួនកុមារពោធិ៍ចិនតុង ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្នុងមួយកន្លែងៗចាប់ពី ៥ពាន់ ទៅ ១ម៉ឺនរៀល ដែលបញ្ហានេះបានបំពានសារាចរណ៍ណែនាំ«លេខ១១ ស រ» របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកាលពីឆ្នាំ២០១៦ ស្តីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ។ អាជ្ញាធរ បាននិយាយទៀតថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលខាងលើនោះ រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏បានចេញសេចក្ដីណែនាំមួយផងដែរ ស្តីពីការមិនប្រមូលចំណូលភាស៊ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ដោយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយរួចមកហើយ ប៉ុន្តែបុរសទាំង ២នាក់នេះ នៅតែបំពានឆ្លៀតឱកាស ទើបកម្លាំងអាជ្ញាធរ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ សក់ កាញ្ញារិទ្ធ បានធ្វើការឃាត់ខ្លួន ដើម្បីសាកសួរ និងចាត់ការតាមច្បាប់តែម្ដង ។ក្រោយពេលចាប់ខ្លួន បុរសទាំង ២នាក់នេះ បានសារភាពថា ពួកខ្លួនពិតជាបានដើរប្រមូលលុយពីអ្នកលក់ដូរពិតមែន ដោយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឈ្មោះ កែវ វ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាមន្រ្តីរាជការ បានឲ្យពួកខ្លួនយាមការដ្ឋានសំណង់។ បន្ទាប់មកឈ្មោះ កែវ វ៉ា នោះបានប្រើឲ្យពួកខ្លួនទារភាសុីពីអ្នកលក់នៅក្បាលដីរបស់គាត់ (ឈ្មោះ កែវ វ៉ា) មួយកន្លែង ៥ពាន់ ទៅ ១ម៉ឺនរៀល។ លុះពេលទារបាន ខ្លួនបានយកទៅប្រគល់ឲ្យឈ្មោះ កែវ វ៉ា ជាអ្នកចាត់ចែង ហើយរហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ស្រាប់តែសមត្ថកិច្ចចុះឃាត់ខ្លួនបែបនេះតែម្ដង ។ទន្ទឹមនិងនេះ សាលាខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវដល់ជនឆ្លៀតឱកាសទាំងឡាយ ដែលកំពុងតែដើរយកភាសុីពីអ្នកលក់តាមកញ្រ្ចែង កញ្ជើ ល្អី ប្រសិនបើអាជ្ញាធរដឹង នឹងចុះទៅឃាត់ខ្លួន អនុត្តតាមច្បាប់មិនលើកលែងទេ ដូច្នេះត្រូវតែបញ្ឈប់ជាបន្ទាន់៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលករខ្មែរម្នាក់ឆ្លងដែនពីប្រទេសថៃ គេចវេសការធ្វើចត្តាឡីស័ក ចូលចំការមីនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ (ស្រទាប់យុវវ័យ)
PassApp ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យខូចខាតយ៉ាងដំណំទាំង២ ឯអ្នកបង្ករងរបួសស្រាលបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យ (ស្រទាប់យុវវ័យ)
ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន (ស្រទាប់យុវវ័យ)
ព្រះសង្ឃ៣អង្គ គង់នៅវត្តបាក់ចិញ្ចៀន ពុលឱសថបុរាណ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ (ស្រទាប់យុវវ័យ)
រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំ ប្រលះគ្នាជាមួយនឹងរថយន្តស៊េរីទំនើបម៉ាកMG សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស (ស្រទាប់យុវវ័យ)
វីដែអូ