លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ ដឹកនាំមន្រ្ដីក្រោមឱវាទ ចូលគោរពវិញ្ញាណក្ខន និងនាំយកសារលិខិតរំលែកទុក្ខរបស់ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងថវិការ ប្រគល់ជូនលោកស្រី ហ៊ូ សុគន្ធា ភរិយា សពលោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា ស្នងការរង
ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន រួមជាមួយ លោកស្នងការរង លោកនាយ-នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ បានចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា អត្ដលេខ ៥៧៥០៩ ឋានៈ ស្នងការរង ទទួលការិយាល័យ ស៊ើបអង្កេត និងអនុវត្ដន៍និតិវិធី ដែលបានទទួលមរណៈភាព កាលព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បាននាំយកសារលិខិតរំលែកទុក្ខរបស់ ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងបាននាំយកថវិកា សមាគមមិត្ដនគរបាលជាតិចំនួន ៦.០០០.០០០៛ និងថវិកាផ្ទាល់ខ្លួនរបស់លោកស្នងការ ចំនួន ៧០០$,បានប្រគល់ជូនលោកស្រី ហ៊ូ សុគន្ធា ភរិយាសពលោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា ។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំយកនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពី ថ្នាក់ដឹកនាំ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ, ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តឧត្តរមានមានជ័យ ដល់លោកស្រី ហ៊ូ សុគន្ធា និងបានចាត់ទុកមរណៈភាពរបស់ លោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា គឺជាការបាត់បង់នាយនគរបាលជាតិ ដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីចូលរួមបុព្វហេតុរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ជាចុងក្រោយ ក្នុងនាមថ្នាក់ដឹកនាំនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ឯក ឯម វណ្ណារ៉ា សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕